សមាគមសុក ខៀវសមិទ្ធិ ដើម្បីសិល្បៈ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា ខៀវ សេងអន ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងការតាំងចិត្តចូលរួមរត់ចម្ងាយ ៣២ គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ Cambodia Elephant Trail ដើម្បីប្រមូលថវិកាជួយគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់សមាគម។

តាមរយៈការរួមចំណែកដ៏មានអត្ថន័យនេះ សកម្មភាពរត់បានក្លាយជាស្ពាននៃក្តីសង្ឃឹម និងសាមគ្គីភាព ដោយអាចប្រមូលថវិកាបានចំនួន ២,២១៣.៦៦ ដុល្លារអាមេរិក និង ១,១៨០,០០០ រៀល សម្រាប់គាំទ្រដល់សមាគម។

ជាមួយគ្នានេះ សមាគមសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសប្បុរសជន និងអ្នកចូលរួមបរិច្ចាគទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកក្នុងសកម្មភាពនេះ។ ការបរិច្ចាគរបស់លោកអ្នក គឺជាការចូលរួមដ៏មានតម្លៃក្នុងការបន្តក្តីស្រមៃរបស់កូនសមិទ្ធិ ដែលចង់ឃើញយុវជនខ្មែរដែលមានជីវភាពខ្វះខាត ទទួលបានឱកាសសិក្សា និងអភិវឌ្ឍសមត្ថភាពក្នុងវិស័យសិល្បៈដែលពួកគេស្រឡាញ់។

សម្រាប់សមាគម ការគាំទ្ររបស់លោកអ្នកមិនត្រឹមតែជាជំនួយថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ឱកាស ការលើកទឹកចិត្ត និងការបណ្តុះក្តីសង្ឃឹមដល់យុវជនជំនាន់ក្រោយ ព្រមទាំងរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយវិស័យសិល្បៈខ្មែរ។

ក្នុងឱកាសនេះ សមាគមសូមគោរពជូនពរកញ្ញា ខៀវ សេងអន និងសប្បុរសជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងជោគជ័យក្នុងគ្រប់ភារកិច្ច និងសកម្មភាពសប្បុរសធម៌ជាបន្តបន្ទាប់។

សូមអរគុណចំពោះការរួមចំណែករបស់លោកអ្នក។ រួមគ្នា យើងអាចបន្តក្តីស្រមៃ និងបង្កើតឱកាសថ្មីៗសម្រាប់សិល្បៈករខ្មែរ។

Together, we keep Sami’s dream alive.